ពត៌មានថ្មីៗ
ពត៌មានថ្មីៗ
ដំណឹងអាជីវកម្មថ្មីៗព័ត៌មានក្រុមហ៊ុននិងព័ត៌មានសេដ្ឋកិច្ច
ត្រឡប់ក្រោយ
ពត៌មានថ្មីៗ 2018-12-27

មន្ទីរពេទ្យ​គន្ធបុប្ផា ព្យាបាល​កុមារ​ជាង​ ៩៦ ​ម៉ឺន​នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​ ១៥ ​ម៉ឺន​នាក់


ភ្នំពេញ-សៀមរាបៈ
 មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​បង្ហាញ​របាយការណ៍​កាលពី​ម្សិលមិញ​ថា កុមារ​ចំនួន​ជាង​ ៩៦ ​ម៉ឺន​នាក់​ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​ ១៥ ​ម៉ឺន​នាក់​បាន​ចូល​មន្ទីរពេទ្យ​ទទួល​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅ​ក្នុង​ឆ្នាំ​ ២០១៨ ហើយ​ត្រូវ​ចំណាយ​ថវិកា​ ១២ ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ ១ ​ថ្ងៃ ដែល​ជា​ការរួមចំណែក​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ស្វ៊ីស​។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា​កុមារ​មាន​ជំងឺ​ចំនួន ៩៦១ ២៥៦ ករណី​ត្រូវ​បាន​ពិនិត្យ​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ក្នុង​នោះ​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន ១៦១ ៤២៦ នាក់​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​កុមារ​មាន​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ​ចំនួន ១៤ ៦១៥ នាក់​បាន​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​។

ដោយ​ឡែក​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ១៥៤ ៨១៦ ករណី​បាន​មក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​ព្យាបាល​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ក្នុង​មន្ទីរសម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​ ៧ (​គន្ធបុប្ផា​ទី​ ៣) និង​ស្ត្រី​បាន​សម្រាល​កូន​មាន​ចំនួន ២៧- ៣០៩ ​នាក់​។ ទោះ​យ៉ាង​ណា​ក៏​អត្រា​មរណភាព​កុមារ​នៅក្នុង​មន្ទីរពេទ្យ​​បាន​ថយ​ចុះ​ពី ០,២៥ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៧ មក​នៅត្រឹម​ ០,២៣ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៨​។

លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប​បាន​ថ្លែង​ថា​៖ «​ការបើក​ទទួល​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​មិន​គិត​ប្រាក់​នេះ​គឺជា​រឿង​ល្អ​ប្រពៃ​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​។ វា​ជា​ការ​លះបង់​ខ្ពស់​របស់​ស្ថាបនិក​មន្ទីរពេទ្យ​នេះ ព្រោះ​ការបើក​ដំណើរការ​មន្ទីរពេទ្យ​មួយ​ដោយ​គ្មាន​បង់ថ្លៃ គឺ​ត្រូវការ​ឆន្ទៈ​ខ្ពស់​ជាមួយ​នឹង​ការលះបង់​ទ្រព្យសម្បត្តិ ពេលវេលា កម្លាំងកាយចិត្ត និង​អាយុជីវិត​ខ្លួនឯង​ផង​ដែរ​»​។

កាលពី​ថ្ងៃ​ទី​ ១១ ខែ​មេសា ឆ្នាំ​ ២០១៨ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​មូលនិធិ​គន្ធបុប្ផា​សម្រាប់​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ក្នុងនោះ​កាកបាទ​ក្រហម​កម្ពុជា​បាន​ផ្តល់​វិភាគទាន ១ ​លាន​ដុល្លារ​អាមេរិក​រៀងរាល់​ឆ្នាំ​ដល់​មន្ទីរពេទ្យ​​គន្ធបុប្ផា និង​ចំណូល​ពី​ប្រាសាទ​អង្គរ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដក​ ២ ​ដុល្លារ​ពី​ថ្លៃ​សំបុត្រ​របស់​ទេសចរ​បរទេស​ម្នាក់ ដើម្បី​ផ្តល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ចាប់​តាំងពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៧​។

លោក ឡូ វាសនាគីរី និង​លោកស្រី ឱ វណ្ណឌិន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​កាលពី​ម្សិលមិញ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​របាយការណ៍​នេះ​បាន​ទេ​៕